ប្លុកចែករំលែកផ្ទាល់ខ្លួន

គន្លឹះ ១០ ចំណុចការពារខ្លួនអ្នកពីការវាយប្រហារតាមអ៊ីនធឺណែត

អ៊ីនធឺណែតបានក្លាយជាទីកន្លែងមួយដែលមានតំណងភ្ជាប់ (Link) ផ្សេងៗគួរឲ្យគ្រោះថ្នាក់ដែលបង្កប់ដោយមេរោគផ្សេងៗជាគោលដៅនៃការវាយប្រហាររបស់ជនខិលខូច។ ការបែកធ្លាយទិន្នន័យតែងតែកើតមានជាញឹកញាប់ និងមានជនរងគ្រោះជាច្រើនដោយសារតែការបែកធ្លាយទិន្នន័យទាំងនោះ។ ខាងក្រោមគឺជាគន្លឹះសុវត្ថិភាពខ្លះៗសម្រាប់ការចែកជូនជាចំណេះដឹងដល់អ្នកប្រើប្រាស់អ៊ីនធឺណែតទូទៅ៖

១. មុននឹងចុចលើតំណភ្ជាប់ណាមួយត្រូវគិតឲ្យបានច្បាស់លាស់

ការសម្រេចចិត្តគឺស្ថិតនៅលើអ្នកទាំងស្រុក ព្រោះអ្នកជាម្ចាស់ឧបករណ៍ដែលភ្ជាប់អ៊ីនធឺណែត។ ដូច្នេះវាគឺជាការទទួលខុសត្រូវរបស់អ្នកថាអ្នកគួរតែចុចនៅលើតំណភ្ជាប់នោះក៏អត់ បើចុចអ្នកនឹងទទួលបានអ្វីពីការចុចនោះ។ ដូចពាក្យចាស់ថា “គិតមុនគូរ” គឺជាឃ្លាដាស់ស្មារតីមួយដែលជួយដល់ការសម្រេចចិត្តរបស់យើងបាន។ នៅក្នុងប្រភពអ៊ីនធឺណែត វាដូចជាអាវុធមុខពីរដូច្នោះដែរ លោកអ្នកធ្វើការទំនាក់ទងគ្នា កម្សាន្ដ សិក្សាស្រាវជ្រាវ និងទទួលបានព្រឹត្តិការណ៍ថ្មីៗជុំវិញពិភពលោក តែក្នុងនោះក៏មានជនខិលខូចជាច្រើនដែលស្វែងរកផលប្រយោជន៍ផ្សេងៗពីពិភពមួយនេះ។

លោកអ្នកត្រូវប្រាកដថាតំណភ្ជាប់(links)ដែលអ្នកនឹងចុចនោះ ត្រូវមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន។ តើលោកអ្នកត្រូវធ្វើបែបណាដើម្បីដឹងថាតំណភ្ជាប់នោះមានសុវត្ថិភាព? នេះហើយជាបញ្ហាសម្រាប់អ្នកប្រើប្រាស់ ដែលមានការយល់ដឹងតិចតួចពីហានិភ័យដែលអាចកើតមានឡើង។ បើលោកអ្នកសង្ស័យចំពោះតំណភ្ជាប់ ឬ file ណាមួយ លោកអ្នកអាចចូលទៅកាន់គេហទំព័រមួយមានឈ្មោះថា VirusTotal ដើម្បីវិភាគពីតំណភ្ជាប់ ឬFiles ទាំងនោះបាន។

២. ប្រើប្រាស់ប្រព័ន្ធពាក្យសំងាត់ពីរជាន់ (Two-Factor Authentication)

ការប្រើប្រាស់ពាក្យសំងាត់ដែលរឹងមាំ (strong password) គឺជារឿងល្អមួយហើយ តែវាកាន់តែល្អមួយកម្រិតទៀត ប្រសិនបើអ្នកដាក់ប្រព័ន្ធការពារឲ្យបានច្រើនស្រទាប់។ រាល់ប្រព័ន្ធការពារមិនមានសុវត្ថិភាព ១០០% នោះទេ តែយ៉ាងហោចណាស់ វាប្រសើរជាជាងអ្នកមិនបានធ្វើអ្វីសោះ។ ប្រព័ន្ធនេះជួយបន្ថែមសុវត្ថិភាព១ជាន់ទៀត ទោះបីក្រុមហែកឃ័រអាចស្មានដឹងពាក្យសំងាត់របស់អ្នកក៏ដោយ។ អ្នកប្រើប្រាស់មួយចំនួននៅមានគំនិតថា ការដាក់ពាក្យសំងាត់រឹងមាំពេកវាពិបាកក្នុងការចងចាំ ចំណែកអ្នកខ្លះមិនសូវខ្វាយខ្វល់ចំពោះបញ្ហានេះសោះតែម្ដង ដោយគិតថា ពួកគេមិនមានអ្វីឲ្យពួកជនខិលខូចចូលលួចយកនោះទេ។

ត្រួតពិនិត្យគេហទំព័រដែលប្រើប្រាស់ប្រព័ន្ធពាក្យសំងាត់ពីរជាន់៖

https://twofactorauth.org/

អានបន្ថែមអំពីការបង្កើតពាក្យសំងាត់ដែលខ្លាំង៖

https://secudemy.com/strong-password-construction/

៣. ចូរប្រុងប្រយ័ត្នការបញ្ឆោតបែប Phishing 

Phishing គឺជាវិធីសាស្រ្តដែលជនខិលខូចប្រើប្រាស់ដូចជា អះអាងថាអ្នកឈ្នះរង្វាន់សន្ធឹកសន្ធាប់ ឈ្នះរង្វាន់ឡូតូ មានគេចង់វេរលុយឲ្យ ប្រាប់ឲ្យដូរពាក្យសំងាត់ ដែលពួកគេបន្លំធ្វើជាបុគ្គលិកក្រុមហ៊ុនណាមួយ ឬជាអ្នកស្នងមរតករាប់លានដុល្លារជាដើម។ ជារៀងរាល់ថ្ងៃមាន email ក្លែងក្លាយជាង ៣ ពាន់លានត្រូវបានផ្ញើចេញជារៀងរាល់ថ្ងៃ ដែលជាអ៊ីម៉ែលបោកបញ្ឆោតដែលគេឲ្យឈ្មោះថា Phishing  ដែលវិធីសាស្រ្តនេះគឺងាយនឹងធ្វើឲ្យជនរងគ្រោះឆាប់ជឿ និងធ្លាក់ចូលក្នុងអន្ទាក់ពួកឧក្រិដ្ធជន។

ដើម្បីចៀសវាងពីការចូលក្នុងអន្ទាក់ពួកជនអាក្រក់ អ្នកមិនត្រូវបើកឯកសារ ឬតំណភ្ជាប់ មិនត្រូវឆ្លើយតបសារទាំងនោះ។  ដើម្បីផ្ទៀងផ្ទាត់តំណភ្ជាប់នៅក្នុងគេហទំព័រ VirusTotalអានបន្ថែម

៤. តាមដានគណនីរបស់អ្នកជានិច្ច

ចំណុចនេះសំដៅដល់ការតាមដានពិនិត្យឲ្យបានដិតដល់ចំពោះគណនីរបស់អ្នក ដើម្បីសង្កេតមើលសកម្មភាពខុស ប្រក្រតីណាមួយដែលអាចកើតមានចំពោះគណនីរបស់អ្នក។ អ្នកត្រូវដឹងថា តើអ្នកបានបង្កើតគណនីនៅទីណាខ្លះ ក្រៅពី Facebook, Youtube ។ល។ ហើយគណនីទាំងនោះមានរក្សាទុកព័ត៌មានសំខាន់ៗរបស់អ្នកឬទេ ដូចជាកាតធនាគារ ជាដើម។ ហើយគណនីណាដែលអ្នកមិនចំាបាច់ប្រើ សូមលុបវាចោលទៅ។

៥. ធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ

រាប់ចាប់ពីប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ រហូតដល់កម្មវិធីផ្សេងៗដែលអ្នកបានតម្លើងនៅលើកុំព្យូរទ័ររបស់អ្នក សូមអ្នកតាមដាន និងធ្វើបច្ចុប្បន្នភាព (Update)ជានិច្ច។ បច្ចេកវិទ្យាតែងតែទៅមុខជានិច្ច ដូចនេះអ្នកត្រូវតែតាមដានការវិវត្តថ្មីៗនៃបច្ចេកវិទ្យា ហើយជនខិលខូចតែងតែអភិវឌ្ឍខ្លួនជានិច្ច និងមានល្បិច ឬវិធីសាស្រ្តថ្មីៗទៅតាមនោះដែរ។ ការធ្វើបច្ចុប្បន្នភាពកម្មវិធីអ្វីមួយក៏ត្រូវសង្កេតឲ្យបានម៉ត់ចត់ដែរ ព្រោះវាជាការបញ្ឆោត ឬបន្លំឲ្យ អ្នកធ្លាក់ចូលក្នុងអន្ទាក់ពួកចោរព័ត៌មានវិទ្យា (Hacker)។

៦. ប្រុងប្រយ័ត្នចំពោះការភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗ

ការភ្ជាប់ឧបករណ៍របស់អ្នកទៅកាន់បណ្តាញដែលគ្មានសុវត្ថិភាពជាក៏ជាការងាយរងគ្រោះដែរ ដូចជា សេវា WiFi សាធារណៈ ផ្សេងៗ ព្រោះយើងមិនអាចដឹងបានទេថា នៅក្នុងតំណភ្ជាប់មានអ្វីនៅពីក្រោយ ព្រោះយើងមិនមាន ចំណេះដឹងលើផ្នែកនេះ យើងប្រាកដជាមិនអាចសម្គាល់បានទេ។ ការប្រើឧបករណ៍ផ្ទុកទិន្នន័យ ដូចជា USB Flash, External Hard Drive ពីកុំព្យូទ័រមួយទៅមួយវាអាចជាផ្លូវក្នុងការចម្លងមេរោគយ៉ាងងាយ  ដូចនេះសូមកុំប្រើប្រាស់ ឧបករណ៍ទាំងនេះរួមគ្នាឲ្យសោះ ប្រសិនបើមិនចាំបាច់ ឬត្រូវមានចំណេះដឹងចំពោះការប្រើឧបករណ៍នោះដែរ។

៧. កុំភ្លេចការពារទូរសព្ទរបស់អ្នកផងដែរ

មិនមែនមានតែកុំព្យទ័រទេដែលអ្នកត្រូវការពារសុវត្ថិភាព អ្នកក៏ត្រូវការពារទូរសព្ទរបស់អ្នកផងដែរ។ ច្បាស់ណាស់ថា ចំណុចដំបូងនោះគឺ អ្នកត្រូវកំណត់សុវត្ថិភាពទូរសព្ទដោយចាក់សោរអេក្រង់ (Lock screen) ទៅតាមប្រភេទទូរសព្ទផ្សេងៗ។ រាល់កម្មវិធីសុន្ទនា (Chap App) ក៏ត្រូវមានសោរសុវត្ថិភាពដែរ។ សូមកុំភ្ជាប់ WiFi សាធារណៈដែល អ្នកមិនទុកចិត្ត ហើយការបើកកម្មវិធី Bluetooth ចោលក៏មិនមែនជាការល្អដែរ  ជាពិសេសមិនត្រូវទាញយកកម្ម វិធីណាមួយពីប្រភពមិនច្បាស់លាស់។

៨. ចូរប្រយ័ត្នចំពោះសកម្មភាពវិស្វកម្មផ្នែកសង្គម (Social Engineering)

ពេលដែលចោរព័ត៌មានវិទ្យា (Hacker) មិនអាចស្វែងរកចំណុចខ្សោយមកលើឧបករណ៍យើងបាន ពួកគេនឹងរិះរក មធ្យោបាយផ្សេងៗ តាមរយៈសកម្មភាពវិស្វកម្មផ្នែកសង្គម។ វិស្វកម្មសង្គម (Social engineering) គឺជាការវាយប្រហារទៅលើផ្នែកស្មារតី ផ្លូវចិត្ត របស់អ្នកប្រើប្រាស់ដូចជា ការលួងលោម ការសន្យាផ្ដល់អ្វីមួយ ឬតាមរូបភាពផ្សេងៗ ដែលធ្វើឲ្យអ្នកប្រើប្រាស់ជឿ ឬចាញ់បោកការល្បួងនោះ។ អំពើនេះភាគច្រើនធ្វើឡើងចំពោះបុគ្គលណាដែល មានការលោភលន់ ចង់បានអ្វីមួយដោយមិនបានពិចារណាច្បាស់ ដែលជាហេតុធ្វើឲ្យពួកគេធ្លាក់ចូលក្នុងអន្ទាក់ វិស្វកម្មសង្គម។

៩. មប្រុងទុកទិន្នន័យរបស់អ្នក (Data Backup)

បច្ចុប្បន្នការរក្សាទុកទិន្នន័យកាន់តែមានតម្លៃធូរថ្លៃ ដែលក្រៅពីការប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួនក្នុងការរក្សាទុក្ខ ទិន្នន័យ អ្នកក៏គួរតែរក្សាទុកទិន្នន័យរបស់អ្នកនៅសេវាកម្មផ្សេងៗដែលផ្ដល់ការរក្សាទុកទិន្នន័យ ដូចជា Google drive, OneDrive, Dropbox, Mega Cloud, និងជាច្រើនទៀត ដែលសេវាទាំងអស់នេះ មានតម្លៃធូរថ្លៃផងដែរ។ ពេលខ្លះពួកចោរព័ត៌មានវិទ្យាមិនត្រូវការទិន្នន័យរបស់អ្នកនោះទេ តែពួកគេអាចនឹងគំរាមកំហែងលុបទិន្នន័យ សំខាន់ៗទាំងនោះ ដោយជំរិតទារប្រាក់ពីម្ចាស់ទិន្នន័យ។ ដូននេះ ការធ្វើបម្រុងទុកទិន្នន័យនៅលើឧបករណ៍ផ្សេងៗ គឺជាការល្អព្រោះ និងជួយឱ្យអ្នករក្សាបានសុវត្ថិភាពទិន្នន័យពីការបាត់បង់។

១០. កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកនោះទេ 

អ្នកខ្លះតែងតែគិតថា ពួកគេគ្មានអ្វីដែលត្រូវឱ្យពួកចោរព័ត៌មានវិទ្យាលួចនោះទេ តែក្នុងឧក្រិដ្ឋកម្មអ៊ីនធឺណែត (Cybercriminals) ពួកគេវាយប្រហារមិនរើសមុននោះទេ។ អ្នកមិនអាចកែប្រែស្ថានការណ៍ដោយគ្រាន់តែចុច ctrl + Z នោះទេ​។  ការពារប្រសើងជាងព្យាបាល គឺជាអ្វីដែលអ្នកប្រើប្រាស់ទាំងឡាយត្រូវតែប្រកាន់ភ្ជាប់ជានិច្ច។

 

ខាងក្រោមនេះគឺជាគេហទំព័រជាភាសាខ្មែរដែលតែងតែផ្ដល់ការណែនាំល្អៗទាក់ទងនឹងការប្រើប្រាស់ឧបករណ៍ កម្មវិធី និងអ៊ីនធឺណែត៖

mosesngeth.com

secudemy.com

digitalhub101.com

 

Leave A Reply

Your email address will not be published.